បរិស្ថាន៖ ត្រយងយក្ស ជាប្រភេទពូជសត្វស្លាបដ៏កម្រមួយ ដែលវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា ដោយឡែក ការប្រើឈ្មោះ អង្ករត្រយងយក្ស ត្រូវបានដាក់លើប្រភេទអង្ករសរីរាង្គរបស់កម្ពុជាដែលមានប្រភពនៅបណ្ដាខេត្តមួយចំនួន ។
ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តនៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ។
សមាជិកសហគមន៍ ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិននិងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។
ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន៕
ប្រភព៖ក្រសួងបរិស្ថាន